យោងតាមសៀវភៅ The Cambridge Companion to Virtue Ethics, (Daniel C. Russell, 2013) ត្រង់ទំព័រ១៥ ដល់ទំព័រ២៦ បានកំណត់លក្ខខណ្ឌសុភមង្គលមាន៧យ៉ាងដូចខាងក្រោម៖
១- សុភមង្គលប្រាកដជាជីវិតដ៏រស់រវើក
វាមិនគ្រប់គ្រាន់នោះទេ បើគ្រាន់តែដឹងពីរបៀបរស់នៅឲ្យមានសុភមង្គល ប៉ុន្តែយើងមិនបានរស់ នៅតាមមាគា៌នោះ។ មនុស្សដែលដេកពេញមួយជីវិត បើទោះបីជាមានចំណេះដឹងអំពីសុភមង្គលកម្រិត ណាក៏មិនអាចមានសុភមង្គលនោះដែរ ព្រោះសុភមង្គលលើសពីការដឹង។ សុភមង្គលមិនមែនជាសំណាង ឬជាកាដូដែលអ្នកណាអាចឲ្យយកបាន ហើយសុភមង្គលក៏មិនមែនជាកាដូដែលអ្នកអាចយកឲ្យអ្នកដទៃ បានដែរ។ សុភមង្គលចាំបាច់ត្រូវការនូវការប្រព្រឹត្តទង្វើប្រកបដោយគុណធម៌ជាទម្លាប់ និងបណ្តុះគុណធម៌ ក្នុងខ្លួន ហើយប្រកាន់ខ្ជាប់នូវទង្វើនោះ ដោយការអនុវត្តជារៀងរាល់ថ្ងៃរហូតក្លាយជាចរិតដ៏ល្អដោយមិន ដាច់ទើបឈ្មោះថា "ជីវិតដ៏រស់រវើក"។ ឧទាហរណ៍ៈ ជីវិតរបស់អ្នកដឹកនាំរដ្ឋ គឺជាជីវិតដែលប្រើប្រាស់ គុណធម៌បែបសីលធម៌នៅក្នុងការគ្រប់គ្រង និងដឹកនាំ។ ជីវិតរបស់ទស្សនវិទូ គឺជាជីវិតដែលប្រើប្រាស់ គុណធម៌បែបឆ្លាតវៃដើម្បីស្វែងរកគតិបណ្ឌិត។ ជីវិតទាំងពីរនេះ គឺឈ្មោះថាជីវិតដ៏រស់រវើក។
២- សុភមង្គលប្រាកដជាស្ថិតនៅក្នុងសកម្មភាពផ្ទាល់របស់អ្នក
សុភមង្គលអាស្រ័យលើអ្វីដែលអ្នកធ្វើក្នុងជីវិតរបស់អ្នក មិនមែនជាអ្វីដែលអ្នកដទៃកំពុងធ្វើនោះ ទេ។ អ្នកដទៃមិនអាចយកសុភមង្គលពីអ្នក ហើយក៏មិនអាចផ្តល់សុភមង្គលដល់អ្នកបានដែរ។ ប្រសិនបើ អ្នកឃ្លាន មិត្តរបស់អ្នកមិនអាចបរិភោគជំនួសអ្នកបានទេ ចំណែកឯសុភមង្គលក៏មិនខុសគ្នាដែរ អ្វីដែលអ្នក សប្បាយចិត្ត អ្នកចាំបាច់ត្រូវធ្វើវាដោយខ្លួនឯង ។ អ្វីដែលអ្នកយល់ថាមានន័យសម្រាប់ជីវិតរបស់អ្នក អ្នក ចាំបាច់ត្រូវធ្វើវាឲ្យកើតឡើងដោយខ្លួនឯង និងរស់នៅដើម្បីវា។ ការគោរព និងការសរសើរពីអ្នកដទៃ មិន អាចជាសុភមង្គលនោះទេ ព្រោះវាគឺជាសកម្មភាពរបស់អ្នកដទៃ និងស្ថិតនៅក្នុងអំណាចរបស់អ្នកដទៃ។
៣- សុភមង្គលប្រាកដជាមានស្ថិរភាព
ស្ថិរភាព គឺជាធាតុផ្សំដ៏សំខាន់បំផុតមួយនៃសុភមង្គល ព្រោះកាលណាសេចក្តីសុខកំពុងតែមាន គឺប្រាកដជាគ្មានអ្នកណាម្នាក់ចង់ឲ្យបាត់បង់សេចក្តីសុខនោះទៅវិញទេ ប៉ុន្តែស្ថិរភាពមិនមែនមានន័យថា គ្មានការផ្លាស់ប្តូរសោះនោះឡើយ។ ទោះបីមានការផ្លាស់ប្តូរក្នុងជំហានឬវិធីសាស្រ្ត ប៉ុន្តែគោលបំណងគឺ មិនប្រែប្រួល។ ហេតុផល តម្លៃ និងគុណធម៌ គឺជាប្រភពដ៏ធំបំផុតនៃស្ថិរភាព ប៉ុន្តែសត្រូវដ៏ធំបំផុតរបស់ ស្ថិរភាពគឺ ការមិនគ្រប់គ្រងអារម្មណ៍ ឬមិនគ្រប់គ្រងចិត្ត។ មួយវិញទៀត ការពឹងលើសំណាង ឬការ រង់ចាំសំណាង ក៏ជាសត្រូវរបស់ស្ថិរភាពដែរ។ ទោះបីជាសំណាងអាចផ្លាស់ប្តូររឿងជាច្រើនក្នុងជីវិត ប៉ុន្តែ សំណាងនេះមិនអាចជួយឲ្យសុភមង្គលរស់នៅបានយូរនោះទេ។ សុភមង្គល គឺជាអ្វីដែលឋិតនៅក្នុងការ
គ្រប់គ្រងរបស់អ្នក ទើបធានាបាននូវស្ថិរភាពបានយូរអង្វែង។
៤- សុភមង្គលប្រាកដជាអ្វីដែលល្អដោយខ្លួនឯង
លុយ គឺគ្រាន់តែជាឧបាយចម្លងមនុស្សឆ្ពោះទៅរកភាពល្អផ្សេងមួយទៀតប៉ុណ្ណោះ ហើយវាអាច ត្រូវបានគេប្រើប្រាស់ដោយមានគោលបំណងផ្សេងៗគ្នា។ អ្នកខ្លះប្រើលុយដើម្បីគ្រាន់តែរស់នៅប្រចាំថ្ងៃ ដើម្បីបំពេញតម្រូវការរស់នៅ ប៉ុន្តែអ្នកខ្លះទៀតប្រើប្រាស់លុយដើម្បីបង្អួតអ្នកដទៃពីភាពឡូយឆាយតាម បែបសម្ភារនិយមរបស់ខ្លួនដើម្បីបានការគោរពពីអ្នកដទៃ។ ដូច្នេះលុយមិនមែនល្អដោយខ្លួនឯងនោះទេ ពីព្រោះវាគ្រាន់តែជាស្ពានដើម្បីសម្រេចអ្វីមួយផ្សេងទៀតប៉ុណ្ណោះ។ សុភមង្គលមិនមែនជាអ្វីមួយដែលល្អ ដោយអ្វីផ្សេងមួយទៀតបែបនេះឡើយ។ និយាយឲ្យកាន់តែងាយយល់ទៅ សុភមង្គលមានអំណាច និង មានតម្លៃចុងក្រោយដោយខ្លួនឯងដែលមិនចំណុះឲ្យភាពល្អផ្សេងៗទៀត។ ថ្វីត្បិតតែសុភមង្គលមានភាព ល្អដោយមិនចាំបាច់ត្រូវការអ្វីផ្សេងទៀតមកបំពេញ តែមនុស្សម្នាក់ៗអាចផ្លាស់ប្តូរភាពល្អរបស់សុភមង្គល នេះបានអាស្រ័យលើអាទិភាពនៃតម្លៃរបស់មនុស្សម្នាក់ៗ។
៥- សុភមង្គលប្រាកដជាអ្វីដែលចុងក្រោយ
សុភមង្គល គឺជាអ្វីដែលមានតម្លៃចុងក្រោយ មិនមែនគ្រាន់តែជាឧបករណ៍ ឬជាស្ពាន ឬជា យុទ្ធសាស្រ្តសម្រាប់បំពេញឲ្យអ្វីមួយផ្សេងទៀតនោះទេ ហើយអ្វីៗទាំងអស់គឺដើម្បីតែសុភមង្គល។ ភាព ល្អរបស់ថ្នាំ គឺជាការព្យាបាលរោគដើម្បីបានសុខភាពល្អ។ ភាពល្អរបស់កាំបិត គឺកាត់ឲ្យបានមុតល្អ។ ថ្នាំ និងកាំបិត គឺមិនមែនជាអ្វីដែលល្អចុងក្រោយនោះទេ ប៉ុន្តែគឺជាមធ្យោបាយដើម្បីអ្វីមួយផ្សេងទៀត។ ដូច គ្នាដែរ ទ្រព្យសម្បត្តិ អំណាច កេរ្តិ៍ឈ្មោះ ក៏គ្រាន់តែជាស្ពានសម្រាប់ចម្លងឆ្ពោះទៅរកអ្វីមួយផ្សេងទៀតដែរ ប៉ុន្តែសុភមង្គលគឺខុសពីនេះ។ ភាពល្អរបស់សុភមង្គល គឺជាសុភមង្គលខ្លួនឯងហ្នឹងហើយ ព្រោះវាជា គោលដៅចុងក្រោយបំផុតក្នុងជីវិតដែលមនុស្សម្នាក់ៗប្រាថ្នា។
៦- សុភមង្គលប្រាកដជាអ្វីដែលមានភាពគ្រប់គ្រាន់
សុភមង្គល គឺជាគោលដៅចុងក្រោយ។ វាគឺជាអ្វីដែលល្អអស្ចារ្យបំផុតដែលមនុស្សគ្រប់គ្នាប៉ង ប្រាថ្នា។ "ភាពគ្រប់គ្រាន់" ក្នុងន័យនេះ មិនសំដៅយកការមានលុយច្រើន ឬមានអំណាចខ្លាំងនោះទេ។ តើការរស់នៅផ្តាច់ខ្លួនពីអ្នកដទៃឈ្មោះថាភាពគ្រប់គ្រាន់ឬ? វាក៏រឹតតែមិនត្រឹមត្រូវទៅទៀត។ ចុះភាព គ្រប់គ្រាន់ជាអ្វី? ភាពគ្រប់គ្រាន់មិនមែនជាការផ្តាច់ខ្លួន មិនមែនជាការមិនត្រូវការអ្វីសោះ។ ផ្ទុយមកវិញវា ពិតជាត្រូវការ គ្រាន់តែមានកំណត់និងលែងខ្វះខាត ប្រៀបដូចជាយើងបរិភោគអាហារពេលព្រឹករួច យើង ប្រាកដជាលែងស្រេកឃ្លាន និងអាចធ្វើការបានពេញមួយព្រឹក។ ភាពគ្រប់គ្រាន់ក្នុងជីវិតក៏មិនខុសគ្នាដែរ ពិតជាត្រូវការតម្រូវការចាំបាច់ដើម្បីរស់នៅ ប៉ុន្តែមិនមែនត្រូវការរហូតប្រែក្លាយតម្រូវការចាំបាច់ទៅជាតម្លៃ ជីវិតនោះទេ។ ភាពគ្រប់គ្រាន់ គឺការបំពេញអ្វីដែលជីវិតខ្វះខាតរួចរាល់ហើយ ដោយមិនខ្វះអ្វីផ្សេងទៀត។
៧- សុភមង្គលប្រាកដជាអ្វីៗដែលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
ជីវិតដ៏ល្អមួយសម្រាប់មនុស្ស គឺការបំពេញ ឬការសម្រេចបាននូវអ្វីដែលជាគោលដៅ និងគោល បំណងរបស់ខ្លួនក្នុងជីវិត។ ប៉ុន្តែគោលដៅ និងគោលបំណងរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នានោះទេ ពីព្រោះធម្មជាតិរបស់មនុស្សម្នាក់ៗមិនដូចគ្នា ប៉ុន្តែគ្រាន់តែមានចំណុចរួមគ្នាប៉ុណ្ណោះ។ អ្វីដែលមនុស្ស ខុសគ្នាពីសត្វ គឺសមត្ថភាពក្នុងការប្រើប្រាស់ហេតុផល។ ហេតុផលនេះហើយ ដែលធ្វើឲ្យមនុស្សមាន ភាពខុសគ្នាពីម្នាក់ទៅម្នាក់។ ដូច្នេះ មនុស្សម្នាក់ៗចាំបាច់ត្រូវបំពេញអ្វីដែលល្អសម្រាប់លក្ខខណ្ឌរបស់ មនុស្សទូទៅ និងបំពេញអ្វីៗដែលមនុស្សម្នាក់ៗចង់បានផ្ទាល់ខ្លួនបន្ថែមទៀត ទើបធ្វើឲ្យសុភមង្គលអាច កើតមានចំពោះមនុស្សម្នាក់ៗពេញលេញទៅបាន។
ដកស្រង់ពីសៀវភៅ “ស្វែងរកអត្ថន័យជីវិតតាមរយៈទស្សនវិទូ” ចាប់ពីទំព័រ ៥៦ ដល់ ៥៨